សាហាវជាងខ្លា
សាហាវជាងខ្លា
....... កាលគ្រាមួយ ពេលដែលខុងជឺកំពុងជិះលើរទេះសេះឆ្លងកាត់ភ្នំថៃសាន គាត់បានឃើញស្រ្តី ម្នាក់ស្លៀកសំលៀកបំពាក់កាន់ទុក្ខកំពុងតែយំសោកបោកខ្លួនក្បែរផ្នូរសពគួរឲ្យសង្វេគជាពន់ពេក។ ពេលនោះខុងជឺចង់ដឹងពីមូលហេតុ គាត់ក៏បញ្ជាឲ្យបញ្ឈប់រទេះសេះហើយឲ្យជឺកុងដែលជាសិស្ស ចុះទៅសាកសួរស្ត្រីនោះ ។ ជឺកុងដើរទៅដល់ក្បែរផ្នូរហើយសួរថា “ខ្ញុំឮសំឡេងយំខ្សឹកខ្សួលរបស់នាងមើលទៅហាក់ដូចជាមានវិបត្តិធំធេងខ្លាំងណាស់ មិនដឹងថាតើវាមានរឿងអ្វីកើតឡើងទៅ?” នារីនោះងើបមុខឡើងទាំងទឹកភ្នែកជោគថ្ពាល់ព្រមទាំងឆ្លើយថា “នៅតំបន់នេះតែងមានខ្លាសាហាវចេញមកបង្ករឿងជាប្រចាំឪពុកក្មេករបស់ខ្ញុំត្រូវស្លាប់ដោយសារវា ក្រោយមកប្តីខ្ញុំក៏ត្រូវវាខាំសុី ហើយពេលថ្មីៗនេះកូនរបស់ខ្ញុំក៏ត្រូវវាសម្លាប់ទៅទៀត ហេតុនេះ ហើយបានជាខ្ញុំត្រូវមានទុក្ខយ៉ាងធំធេងបែបនេះ”។ ឮដូច្នេះខុងជឺក៏ចុះពីរទេះសេះមកសួរថា “បើខ្លាវាសាហាវបែបនេះ ហេតុអីក៏ពួកនាងមិនរើទីកន្លែងចេញទៅរស់នៅទីកន្លែងផ្សេងវិញ?” នារីនោះឆ្លើយថា “ព្រោះទីនេះជាទីកន្លែងដាច់ស្រយាល វាផុតពីអំណាចជិះជាន់” ខុងជឺសញ្ជឹងគិតមួយសន្ទុះក៏ពោលទៅកាន់សិស្សរបស់ខ្លួន “អ្នកទាំងអស់គ្នាចូរចងចាំថា អំណាចជិះជាន់សង្កត់សង្កិន វាសាហាវជាងខ្លាទៅទៀត។” កត់ត្រានៅក្នុង លីជី ខ្លាវាតែងសុីមនុស្សតែអំពើឃោរឃៅនិងការប្រើអំណាចជិះជាន់ផ្តាច់ការរបស់ចៅហ្វាយនាយ និងអ្នកកាន់អំណាចក៏អាចសុីមនុស្សដូចគ្នាដែរ មិនតែប៉ុណ្ណោះ វាកាចសាហាវជាងខ្លាទៅទៀត។