បុរាណភាសិត ត្រុកៗ អ្នកស្រុកមើលងាយ រលាស់គូទខ្ចាយ មានឧ៌តមានភ័ន្ត

•អាន ៤ នាទី

បុរាណភាសិត ត្រុកៗ អ្នកស្រុកមើលងាយ រលាស់គូទខ្ចាយ មានឧ៌តមានភ័ន្ត

ត្រុកៗ អ្នកស្រុកមើលងាយ រលាស់គូទខ្ចាយ មានឧ៌តមានភ័ន្ត

ដកស្រង់ពីសៀវភៅសរសេរដោយសម្តេចសង្ឃជួនណាត
អត្ថន័យនៃបុរាណភាសិតនេះថា មនុស្សណាមួយជាអ្នកមានប្រាជ្ញាយោបល់ និងសម្តីថ្វីមាត់
ហ្មត់ចត់ ប៉ុន្តែជាមនុស្សចេះអត់ចេះធន់ មានចិត្តធ្ងន់ធ្ងរនឹងធឹង គេពុំងាយនឹងខឹងឬថា ប្រើអាការ
កិរិយាញើមៗត្រុកៗ ពួកជនអ្នកនៅក្នុងស្រុកភូមិផងរបងជាមួយ និងអ្នកនៅភូមិជិតខាងគ្នាច្រើនតែ
មានយោបល់យល់ថា អ្នកនោះឯងជាមនុស្សទុយមុយ មិនមែនជាអ្នកអង់អាច រលុះរលាញខាង
សម្តីសម្តៅអ្វីទេ គ្រាន់តែជាមនុស្សសុភិសុភាពរាបទាបប៉ុណ្ណោះ     ស្រាប់តែនៅពេលមួយ
អ្នកនោះឯង បញ្ចេញសម្តីវោហារជជែកតវ៉ាក្នុងរឿងអ្វីមួយក្នុងទីប្រជុំមហាជន ដែលមានការជជែក
វែកញ៉ែកដោះស្រាយកម្ចាយសេចក្តីដ៏កម្រ ឲ្យឃើញជាក់ច្បាស់ស្រឡះបានជនទាំងឡាយ
ក៏ដូចជាភ័ន្តភាំងស្ងើចសរសើរនៅពេលនោះតែម្តង ក៏លែងមើលងាយរៀងមក ។ ព្រោះហេតុនោះ
បានជាមានបុរាណភាសិត "ត្រុកៗអ្នកស្រុកមើលងាយ រលាស់គូទខ្ចាយ មានឧ៌តមានភ័ន្ត" ។

មានបុរាណភាសិតមួយយ៉ាងផ្សេង ប៉ុន្តែមានអត្ថន័យស្រដៀងគ្នានឹងភាសិតខាងលើថា ត្រូវត្រាប់
កុកសាប់ កុំត្រាប់កុកស មានអត្ថន័យថា កុកសាប់មាឌតូចបន្តិច ឯកុកស មានខ្នងស្លឹកស្លាប
សម្បុរត្រសក់ស្រអាប់ កាលមើលទំលើទ្រនំ មើលទៅឃើញច្រឡំនឹងស្លឹកឈើ ស្ទើរតែមើលពុំ
ឃើញច្បាស់ថាជាកុកឡើយ ។ ឯកុកស នោះវាទំលើទ្រនំអ្វី វាហើរក្តី ឃើញតែសម្បុរសដូចគ្នា
ព្រោះវាមានតែសម្បុរសមួយយ៉ាង ។ អត្ថន័យវែងជាងនេះ ស្រដៀងគ្នានឹងបុរាណភាសិតខាងលើ
ថា ត្រុកៗអ្នកស្រុកមើលងាយ..... នោះដែរ ។ ល ។

ពាក្យកាព្យឲ្យងាយចាំ

បទកាកគតិ

ឬកពាត្រុកៗ ជននៅក្រៅស្រុក គេច្រើនមើលងាយ កណ្តាលជំនុំ ស្រាប់តែកម្ចាយ លិច្ចកលឧបាយ

មានឧ៌តមានភ័ន្ត ។ បញ្ចេញសម្តី មានពាក្យវែងខ្លី រាបទាបស្រទន់ មានឧ៌តឬខ្លាំង ម្តងៗមិនស្លន់

រាល់ម៉ាត់ ឥតអន់ សុទ្ធតែបានការ ។ ពុំដែលមានឈ្មោះ ថាខ្លួនអ្នកនោះជាគ្រូអាចារ្យ ឬជាអ្នកចេះ

ចំណេះធម៌អាថ៌ សោះទេមានការណ៍ក៏ចេញប្រាជ្ញប្រុះ ។ ប្រាជ្ញាយង់យល់ សម្តីនិម្មល យោបល់
ឈ្លាសឆ្លុះ អ្នកស្តាប់ស្ញប់ស្ញែង ព្រោះឃើញស្តែងនុះ ទម្លាយទម្លុះ ការក្រកម្ចាយ ។ នេះហៅថា
ត្រុកៗ ត្រាតែអ្នកស្រុក ភូមិផងមើលងាយ ស្រាប់តែមានការណ៍ ដែលត្រូវដោះស្រាយ រលាស់គូទ
ខ្ចាយ មានឧ៌តមានភ័ន្ត ។

ឬដូចកុកសាប់ ស្លាបក្រៅស្រអាប់ ឥតសសាន់វុ័ណ្ត កាលបើវាហើរ ឃើញសជាក់ស្បាន់ ចាស់ថា
ត្រូវកាន់ តម្រាប់កុកសាប់ ។ រីឯកុកស ទំក៏ឃើញស ឥតឃើញស្រអាប់ ហើរក៏ឃើញស ផ្ទុយពីកុក
ស ខ្នងស្លាបស្រអាប់ នៅពេលដែលទំ ។ ហេតុនោះបានជា ពួកចាស់ព្រឹទ្ធា ថាឲ្យនិយម តាមបែប
កុកសាប់ ជាការសមរម្យ កុំឲ្យនិយម តាមកុកសឡើយ ។

បើសាធុជន រិះរេគិតគុណ យល់ន័យនេះហើយ ពេញចិត្តប្រព្រឹត្ត ពិនិត្យរឿយៗ ប្រើឬកជើយៗ
មិនប្រើអំនួត ។ ក៏ទៅដោយយ៉ាង ពីព្រោះមានអាង ថាមិនបាច់អួត ចាំដល់នៅពេល ប្រណាំង
ប្រកួត គង់មានគេអួត ជួយខ្លួនយើងទេ ៕​ ៚

វត្តឧណ្ណាលោម ក្រុងភ្នំពេញ ថ្ងៃចន្ទទី ២៩ កក្តដា ព ស ២៥១២ គ ស ១៩៦៩